
ចំពោះការថែទាំសុខភាពមាត់ធ្មេញ ត្រូវមានការត្រួតពិនិត្យតាំងពីវ័យកុមារឡើងទៅ។ នៅក្នុងវ័យកុមារនេះ ក្មេងៗមិនអាចធ្វើការថែទាំដោយខ្លួនឯងបានឡើយ ដូច្នេះហើយ ឪពុកម្តាយ ឬអាណាព្យាបាលជាអ្នកត្រួតពិនិត្យចំពោះពួកគាត់ឱ្យបានដិតដល់។ ក្នុងវ័យនេះដែរ កុមារងាយរងការខូចខាតធ្មេញជាងគេ គឺតាមរយៈចំណីអាហារតែម្តង។ ចាប់ពីចន្លោះអាយុ ៦ខែ ទៅ ៣ឆ្នាំ កុមារចាប់ផ្តើមដុះ ធ្មេញព្រៃ ដែលមានទាំងអស់ ២០ធ្មេញ ។ រីឯធ្មេញស្រុកវិញ ចាប់ផ្ដើមដុះនៅចន្លោះពី អាយុ ៦ឆ្នាំ ទៅ ១៨ឆ្នាំ ដែលមានទាំងអស់ចំនួន ៣២ធ្មេញ។
ការថែទាំអញ្ចាញធ្មេញរបស់ទារក ៖ អ្នកអាចចាប់ផ្តើមថែរក្សាវាភ្លាមៗ តែអ្នកមិនទាន់ចាំបាច់ប្រើប្រាស់ថ្នាំដុសធ្មេញ និងច្រាសដុសធ្មេញឡើយ។ អ្នកគួរប្រើក្រដាសទន់ៗ ឬបង់រុំសើមហើយទន់ ត្រដុសថ្នមៗលើអញ្ចាញធ្មេញរបស់ទារក យ៉ាងហោចណាស់ ២ ដងក្នុងមួយថ្ងៃជាពិសេសក្រោយពេលដែលបញ្ចុកអាហារ និងមុនពេលចូលគេង ។ ការធ្វើបែបនេះនឹងជួយសំអាតបាក់តេរី និងបង្ការការតោងជាប់នៅនឹងអញ្ចាញធ្មេញព្រោះបាក់តេរីនឹងបន្សល់ទុកនូវសារជាតិស្អិតៗដែលនឹងបំផ្លិចបំផ្លាញធ្មេញ។
ការដុសធ្មេញទារក ៖ ពេលដែលធ្មេញដំបូងរបស់ទារកចាប់ផ្តើមដុះនោះអ្នកអាចចាប់ផ្តើមជ្រើសរើសច្រាសដុសធ្មេញ ដោយអាចចាប់ផ្តើមរើសយកប្រភេទដែលមានច្រាសទន់ ក្បាលតូច និងដងកាន់ធំ។ ដំបូង គ្រាន់តែជ្រលក់ច្រាសឱ្យសើមទៅបានហើយ។ បន្ទាប់ពីធ្មេញដុះចេញមកហើយ អ្នកគួរប្រើថ្នាំដុសធ្មេញដែលមានជាតិហ្វូអររ៉ាយ ទំហំប៉ុនគ្រាប់អង្ករ ហើយបង្កើនរហូតដល់ប៉ុនគ្រាប់សណ្ដែក ពេលដែលបុត្ររបស់អ្នក ឈានដល់អាយុ ៣ឆ្នាំ។ ធ្វើការដុសដោយថ្នមៗជុំវិញធ្មេញទាំងអស់របស់គេ ( មុខ និងក្រោយ ) អ្នកគួរតែបន្តជួយគេធ្វើការដុសធ្មេញ រហូតដល់ពេលដែលគេអាចធ្វើបានដោយខ្លួនឯងប្រហែលជាដល់អាយុ ៦ ឆ្នាំ។ ម្យ៉ាងអ្នកក៏ត្រូវតាមដានមើលសុខភាពធ្មេញរបស់គេផងដែរ ប្រសិនបើឃើញមានឡើងពណ៌ប្លែកនោះ អ្នកគួរប្រញាប់នាំគេទៅ ពិនិត្យនៅគ្លីនិក ឬទន្តពេទ្យ ដើម្បីចៀសវាងបញ្ហាកាន់តែធ្ងន់ធ្ងរ។
ពេលធ្មេញចាប់ដុះ ៖ ធ្មេញទារកនឹងដុះពេញអញ្ចាញធ្មេញក្នុងរយៈពេលប្រមាណ ២ ឆ្នាំ។ វានឹងធ្វើឱ្យទារកយំ និងរករឿងច្រើនពេលដែលធ្មេញរបស់ពួកគេដុះ។ លក្ខណៈផ្សេងទៀត ដែលគេអាចនឹងបង្ហាញមានដូចជាការហៀរទឹកមាត់ ហើមអញ្ចាញធ្មេញ និងក្តៅខ្លួនតិចៗ។
ការត្រដុសអញ្ចាញធ្មេញ ៖ ប្រើម្រាមដៃស្អាតរបស់អ្នក ត្រដុសអញ្ចាញធ្មេញរបស់គេថ្នមៗ
បង្ការបញ្ហាប្រហោងធ្មេញ ៖ ក្រៅពីការថែទាំហើយ យើងក៏ត្រូវការពារធ្មេញរបស់ពួកគេផងដែរ។ ដើម្បីចៀសវាងបញ្ហាប្រហោងធ្មេញផ្សេងៗ អ្នកគួរតែដាក់តែទឹកដោះ និងទឹកសុទ្ធបានហើយ ដោយចៀសវាងដាច់ខាតនូវទឹក ដែលមានជាតិផ្អែមទាំងឡាយ ព្រោះថាជាតិផ្អែមទាំងនោះអាចបង្កជាបាក់តេរីនៅនឹងធ្មេញ ហើយបង្កើតជាជាតិអាស៊ីត ដែលនឹងធ្វើឱ្យប៉ះពាល់ដល់ធ្មេញរបស់ទារក៕
អត្ថបទដោយ៖ KiloHEALTH