
តម្រងនោមមានការតភ្ជាប់នឹងប្លោកនោម ដោយបង្ហូរទឹកនោម។ ក្រួសអាចកើតមាននៅក្នុង តម្រងនោម បង្ហូរទឹកនោម និងនៅក្នុងប្លោកនោម។ តែជាទូទៅ ឱ្យតែមានក្រួស គឺគេតែងតែថា ក្រួសក្នុងតម្រងនោម។ តម្រងនោម ឬក្រលៀន គឺតែមួយទេ។
មូលហេតុដែលកើតជំងឺក្រួសក្នុងតម្រងនោម៖
១. កើតពីកំណើត
២. លើសសារជាតិកាល់ស្យូម
៣. រលាកក្នុងតម្រងនោម
៤. លើសសារជាតិអាស៊ីតអ៊ុយរិក
៥. កត្តាចំណីអាហារ ពិសេសការទទួលទានទឹកមិនស្អាត និងមានជាតិកំបោរច្រើន ហើយនិងញាំ គ្រឿងក្នុងសត្វ និងសាច់ច្រើន
៦. ទទួលទានទឹកតិច មិនគ្រប់គ្រាន់
៧. ឈឺបត់ជើងតូច មិនបន្ទោរបង់
៨. ស្ទះផ្លូវបង្ហូរទឹកនោម
៩. រីកក្រពេញប្រូស្តាត
មិនថាបុរស ឬ ស្ត្រីទេ កើតជំងឺក្រួសក្នុងតម្រងនោមដូចគ្នា ហើយច្រើនកើតលើមនុស្សវ័យ ១៨ឆ្នាំឡើង រហូតដល់អាយុ ៧០ឆ្នាំ ទៅ ៨០ឆ្នាំ។
តើមានរោគសញ្ញាបែបណាខ្លះ?
រោគសញ្ញាដែលបញ្ជាក់ថាលោកអ្នកមានជំងឺក្រួសតម្រងនោម៖
១. ចុកតម្រងនោមប្រៀបដូចស្ត្រីឈឺពោះកើតកូនដោយចុកលីញចង្កេះបើមានក្រួសខាងឆ្វេង ចុកខាង ឆ្វេង ហើយបើមានក្រួសនៅតម្រងនោមខាងស្តាំ គឺចុកខាងស្តាំ
២. ការរលាក ដូចជា ក្តៅខ្លួន រងា រោយចង្កេះ នោមញឹក នោមក្រហាយ នោមក្តៅ ហើយទឹកនោមស ល្អក់ មានកករ
ជំងឺក្រួសតម្រងនោម បើមិនបានព្យាបាល ឱ្យបានទាន់ពេលវេលាទេ នោះនឹងធ្វើឱ្យអ្នកជំងឺ មានបញ្ហាតម្រងនោម ឬក្រលៀន ដូចជា ពុលមេរោគក្នុងឈាម ឬក៏ច្រាលទឹកនោម ដែលធ្វើឱ្យរលាកតម្រងនោម ហើយទឹកនោមមានជាខ្ទុះ និងចុះខ្សោយមុខងារតម្រងនោម ធ្វើឱ្យកើតជំងឺលើសឈាម និងគ្រាប់ឈាមក្រហមមិនគ្រប់ជាដើម។
តើការព្យាបាលជំងឺក្រួសតម្រងនោមមានប៉ុន្មានវិធី?
ការព្យាបាលបែកចែកជា ២៖
១. ព្យាបាលមុខងារតម្រងនោម
២.ព្យាបាលមូលហេតុនៃជំងឺដែលគ្រូពេទ្យត្រូវពិនិត្យព្យាបាលដោយវិនិច្ឆ័យរោគសញ្ញាឱ្យបាន ច្បាស់លាស់គឺ
- ត្រូវព្យាបាលលើការចុះខ្សោយនៃមុខងារតម្រងនោម
- ទើបឈានទៅព្យាបាលលើមូលហេតុនៃជំងឺ គឺយកក្រួសចេញពីតម្រងនោមតែម្តង។
បច្ចេកទេសនៃការយកក្រួសចេញពីមុន គឺប្រើប្រាស់ដោយការវះកាត់ ពុះតម្រងនោម យកក្រួសចេញ។ តែប្រឈមនឹងការហូរឈាម ការឈឺចាប់ និងប្រើពេលយូរទម្រាំតែជាសះស្បើយ។ តែពេលនេះ បច្ចេកវិទ្យាទំនើប គឺព្យាបាលតាមរយៈការឆ្លុះបំបែកយកក្រួសចេញ ប្រើពន្លឺឡាស៊ែរ ដោយមិន ចាំបាច់វះកាត់ ដោយអ្នកជំងឺចំណាយពេលសម្រាកពេទ្យតែ ២៤ម៉ោង ទៅ ៤៨ម៉ោងប៉ុណ្ណោះ ហើយអាចធ្វើការងារធម្មតាឡើងវិញ។
ការព្យាបាលជំងឺក្រួសក្នុងតម្រងនោមរួចហើយមិនថាតាមរយៈការវះកាត់ ឬក៏តាមការឆ្លុះបំបែកយក ក្រួសចេញទេ គឺអ្នកជំងឺអាចនឹងកើតក្រួសក្នុងតម្រងនោមឡើងវិញ។
ដូច្នេះ អ្នកជំងឺត្រូវញ៉ាំទឹកស្អាតឱ្យបានគ្រប់គ្រាន់ ឱ្យបានច្រើនរួមទាំងចំណីអាហារមួយចំនួន កុំឱ្យលើសជាតិអាស៊ីត តាមរយៈការញ៉ាំជាតិសាច់ច្រើនហើយត្រូវបត់ជើងតូចដោយកុំទ្រាំ។ បើមានបញ្ហាតម្រងនោម ត្រូវទៅជួបគ្រូពេទ្យជំនាញ ដើម្បីពិនិត្យ និងពិគ្រោះយោបល់។
បងប្អូនប្រជាពលរដ្ឋបើឈឺមិនថាជំងឺអ្វីទេ ពិសេសសង្ស័យថាជាជំងឺក្រួសក្នុងតម្រងនោម ត្រូវជួប គ្រូពេទ្យឯកទេសត្រឹមត្រូវ ដើម្បីពិនិត្យព្យាបាល ដោយមិនត្រូវទៅទិញថ្នាំផ្សំ ដោយចិត្តឯង ឬឮតាមគ្នា នៅហ្វាម៉ាស៊ីនោះទេ។
អត្ថបទដោយ៖ KiloHEALTH